background

បារាយណ៍ខាងលិច ឬបារាយណ៍ទឹកថ្លា

បារាយណ៍ខាងលិច ឬបារាយណ៍ទឹកថ្លា គឺជាអាងស្តុកទឹកធំជាងគេបំផុតលើលោក ដែលបានស្ថាបនាឡើងដោយមនុស្ស និងជា បារាយណ៍ដែលសល់តែមួយគត់ក្នុងព្រះរាជាណាចក្រកម្ពុជា (បន្ទាប់ពីបារាយណ៍ខាងកើតគោកទឹកអស់ទៅ)។ បារាយណ៍ខាងលិច មានទំហំធំ មានប្រវែងបណ្តោយ ៨ គីឡូម៉ែត្រ និងទទឹង ២.២ គីឡូម៉ែត្រ និងមានសមត្ថភាពអាចស្តុកទឹកបានដល់ទំហំ ៤០ លានម៉ែត្រគូបប៉ុន្តែបារាយណ៍កំពុងស្ថិតនៅក្នុងស្ថានភាពគោកទឹកបន្តិចម្តងៗ ចំណែកឯប្រវត្តិនៃការសាងសង់ និងព័ត៌មានផ្សេងៗ បន្ថែមទៀត គេហទំព័រ Cambodia Property Report បានចុះផ្សាយនៅក្នុងអត្ថបទមុនរួចមកហើយ។ ប៉ុន្តែអ្វីដែលសំខាន់ក្នុង អត្ថបទនេះ យើងនិងស្វែងយល់ខ្លះៗអំពីប្រាសាទនៅកណ្តាលបឹងបារាយណ៍ ដែលមានគេហៅថាប្រាសាទមេបុណ្យខាងលិច។


តាមពិតទៅ នៅចំកណ្តាលនៃប្រភពទឹកធំៗកាលពីសម័យអង្គរសុទ្ធសឹងតែត្រូវបានសាងសង់នូវប្រាសាទស្ទើរទាំងអស់ ដោយនៅ បារាយណ៍ខាងកើត មានប្រាសាទមេបុណ្យខាងកើត នៅបារាយណ៍ខាងលិច មានប្រាសាទមេបុណ្យខាងលិច ចំណែកនៅស្រះ ស្រង់មានប្រាសាទកណ្តាលស្រះស្រង់ សូម្បីតែការសាងសង់នីមួយៗ តួយ៉ាងប្រាសាទអង្គរវត្ត ក៏ត្រូវកសាងគូទឹកព័ន្ធជុំវិញផងដែរ។ ដូចយើងបានដឹងរួចមកហើយថាក្នុងព្រហ្មញ្ញសាសនា ការស្ថាបនាប្រាសាទនៅព័ន្ធជុំវិញដោយទឹកបែបនេះ មានន័យថាប្រាង ប្រាសាទគឺតំណាងឲ្យកំពូលភ្នំព្រះសុមេរុ ដែលព័ន្ធជុំវិញទៅដោយមហាសាគរ។

ប្រាសាទមេបុណ្យខាងលិច ជាប្រាសាទដីទួលឬក្លាយទៅជាប្រាសាទកោះ នៅចំកណ្តាលបារាយណ៍ខាងលិច វាក៏ត្រូវបានកសាង ឡើងនៅក្នុងពេលដែលស្ថាបនាបារាយណ៍ខាងលិចនេះផងដែរ នៅក្នុងអំឡុងពាក់កណ្តាលសតវត្សទី ១១ ក្នុងរាជ្យព្រះបាទឧទ័យ ទិត្យវរ្ម័នទី២ (គ.ស ១០៤៩-១០៦៦) ដើម្បីឧទ្ទិសចំពោះព្រហ្មញ្ញសាសនា។ ប្រាសាទនេះមានលក្ខណៈប្លែក ដោយសំណង់ ប្រាសាទផ្សំឡើងដោយកំពែងមួយជាន់ធ្វើអំពីថ្មភក់ ហ៊ុមព័ទ្ធស្រះទឹកធំមួយដែលគេជីកនៅលើដីទួលនោះ។ កំពែងខាងកើតត្រូវបាន គេរចនាជាថែវមានបង្អួចធំល្មម ស្ថិតនៅដាច់ៗពីគ្នា និងមានគោបុរៈចូលចំនួនបី៖ មួយនៅចំកណ្តាល និងពីរទៀតនៅចុងសងខាង នៃថែវ។ នៅចំកណ្តាលស្រះទឹកខាងក្នុងមានសំណង់មួយធ្វើអំពីថ្មភក់មានរាងមូលរបៀបដូចជាអណ្តូងទឹក ៣ ម៉ែត្រ។



យោងតាមការបកស្រាយពីបេសកជននៃចក្រភពចិន ជីវ តាក្វាន់ ដែលបានមកដល់ទីក្រុងអង្គរនៅអំឡុងឆ្នាំ ១២៩៥ បាន បញ្ជាក់ថា ប្រាសាទមេបុណ្យខាងលិចត្រូវបានស្ថាបនាឡើងស្របតាមអត្ថន័យនៃរឿងកំណើតព្រះព្រហ្ម ពីព្រោះតាមដំណើររឿងនេះ មុនការលេចឡើងនៃពិភពថ្មី ព្រះវិស្ណុទ្រង់បានផ្ទំធ្វើសមាធិលើពស់អនន្តៈ បណ្តែតខ្លួនលើផ្ទៃទឹកសមុទ្រ អស់កាលដ៏យូរ។ បន្ទាប់មក មានឈូកមួយដើមដុះចេញពីផ្ចិតរបស់ព្រះអង្គ ហើយនៅលើផ្កាឈូកនោះ មានលេញចេញរូបព្រះព្រហ្ម ទ្រង់កំពុងគង់ធ្វើសមាធិ ដែលបង្ហាញពីការកកើតភពថ្មី។ ការបកស្រាយខាងលើនេះមិនខុសនោះទេ ព្រោះបើតាមកំណាយបរិវេណប្រាសាទមេបុណ្យ ខាងលិចនេះ ដែលបានធ្វើនៅក្នុងសម័យអាណានិគមបារាំងឆ្នាំ ១៩៣៨ គេបានប្រទះឃើញនូវបដិមារូបព្រះវិស្ណុដ៏ធំមួយមាន ឥរិយាបថផ្ទំ ដែលធ្វើពីសំរិទ្ធមួយកំណាត់ខ្លួន ចាប់ពីដើមទ្រូងដល់ព្រះកេស ហើយសព្វថ្ងៃបដិមារូបនេះត្រូវបានដាក់តំកល់នៅក្នុង សារមន្ទីជាតិ ភ្នំពេញ។



បច្ចុប្បន្ន ប្រាសាទមេបុណ្យខាងលិចកំពុងស្ថិតនៅតំណាក់កាលជួសជុលឡើងវិញ ក្រោមជំនួញរបស់ស្ថានទូតបារាំងប្រចាំ ប្រទេសកម្ពុជា និងការសហការពីអាជ្ញាធរជាតិអប្សរា ដែលបានចាប់ផ្តើមដំណើរការជួសជុលឡើងវិញតាំងពីឆ្នាំ ២០១២ មក និង អាចប្រើប្រាស់ពេលយូរទៀត ព្រោះកន្លងមកដំណើរការជួសជុលជួបប្រទះនឹងកង្វះថវិកា បញ្ហាព័ន្ធជុំវិញដោយទឹកពិបាកដឹកជញ្ជូន សម្ភារៈ សំណង់មានភាពស្មុគស្មាញផ្នែកបច្ចេកទេស -ល-។





ចែករំលែកបន្ត ៖

តំបន់ទេសចរណ៍ផ្សេងទៀត

សហការរៀបចំដោយ៖

logologologo
អភិវឌ្ឍដោយ៖ Dcx