background

ប្រាសាទអង្គរ

ប្រាសាទ អង្គរវត្ត ឬ នគរវត្ត ជាប្រាសាទ ដែលធំបំផុត នៅក្នុងប្រទេសកម្ពុជា ដែលមានមាឌដ្ឋានលើផ្ទៃដីទំហំ ១៦២,៦ ហិចតា ដោយស្មើនឹង (1,626,000 m2) ។ រចនាសម្ព័ននៃសំណង់ប្រាសាទត្រូវ បានចាត់ទុកជាស្ថាបត្យកម្មដ៏កំពូល នៃ អច្ឆរិយៈវត្ថុរបស់ពិភពលោក ដែលត្រូវបានសាងសង់ឡើងក្នុងស.វទី១២ ដោយព្រះបាទ សូរ្យវរ្ម័នទី២ ដែលជាព្រះមហាក្សត្រ នាសម័យកាល ចក្រភពខ្មែរ ប្រាសាទនេះសាងសង់ ដើម្បីឧទ្ទិសឱ្យ ព្រហ្មញ្ញសាសនា នៃលទ្ធិជំនឿលើ ព្រះវិស្ណុ ដូចនេះហើយ ប្រាសាទអង្គរវត្តត្រូវបានគេសន្មតថា ជាប្រាសាទសាសនា ដែលធំបំផុតនៅលើពិភពលោក ដែលជាប់ក្នុងកំណត់ត្រាពិភពលោក "ហ្គីនណេស" (Guinness World Records) ក្នុងអំឡុងឆ្នាំ ១៩៨៥ ។

ប្រាសាទអង្គរវត្ត ត្រូវបានកសាងឡើងក្នុងឆ្នាំ ១១២២ នៃគ.សករាជ ដែលត្រូវនិង ស.វទី១២ ក្នុងរជ្ជកាលព្រះបាទ សូរ្យវរ្ម័នទី២ ដែលប្រាសាទនេះបានសាងសង់ឡើងក្នុងពហុបំណងច្រើនយ៉ាងរបស់ព្រះអង្គ ដោយការឧទ្ទិសឱ្យអង្គទេព ព្រះវិស្ណុ ការរំលឹកដល់ស្នាដៃរបស់អង្គខ្លួនឯងផ្ទាល់ផង ការផ្ដល់ជាទីឋានបរមសុខ នៅពេលដែលទ្រង់សោយទីវង្គត់នៅពេលខាងមុខផងដែរ ។ប្រាសាទអង្គរវត្ត ត្រូវបានបោះបង់ចោលដោយសង្គ្រាមឈ្លានពាន របស់កងទ័ពសៀម ក្នុងអំឡុងស.វទី១៤ ដោយព្រះបាទ បរមរាជាទី១ នៃអង្គ ពញ្ញាយ៉ាត ដែលប្រកាសចាកចោលរាជធានីអង្គរ ក្នុងឆ្នាំ ១៣៨៨ នៃគ.សករាជ នេះបើយោងតាមពង្សាវតារ នៃកំណត់ត្រាប្រវត្តិសាស្ត្ររបស់កម្ពុជា ក្នុងសៀវភៅឯកសារ មហាបុរសខ្មែរ ក្នុងឆ្នាំ ១៩២៩ ដែលត្រូវបានយកមកប្រែសម្រួលដោយលោក អេងស៊ុត ក្នុងឆ្នាំ ១៩៦៩ ។ប្រាសាទអង្គរវត្ត បានបន្តការបោះបង់ចោលរហូតដល់រាជព្រះបាទ ចន្ទរាជា ដែលបានលើកកងទ័ពលង្វែក ទៅកំចាត់សៀម នៅតំបន់អង្គរ ក្នុងឆ្នាំ ១៥៤០ នៃគ.សករាជ ក្រោយមកទើបព្រះអង្គបានជួសជុលប្រាសាទអង្គរវត្ត ត្រង់រោងថែវចម្លាក់ផ្នែកខាងកើតឈៀងខាងជើង និង រោងថែវមួយផ្ទាំងទៀតនៅខាងជើង ចំណែកឯផ្នែកខាងលើនៃតួប៉មកណ្ដាលមានតឹកតាង នៃការលម្អដោយរូបព្រះពុទ្ធរូប៤អង្គ ឈរបែរខ្នងទល់គ្នាទៅរកទិសធំទាំងបួន កើត-លិច-ជើង-ត្បូង ដែលត្រូវបានតម្កល់ដើម្បីបិទផ្ជិតចំហរបស់តួប៉មកណ្ដាលនៃគូបរៈ ដែលរូបចម្លាក់បង្ហាញពីការឆ្លាក់ក្នុងទម្រង់ខុសគ្នា នៃទឹកដៃរបស់ជាងចម្លាក់ផងដែរ ។

ប្រាសាទ អង្គរវត្ត ត្រូវបានសាងសង់ឡើងក្នុងឆ្នាំ ១១២២ នៃគ.សករាជ ដែលត្រូវនិង ស.វទី១២ ក្នុងរជ្ជកាល ព្រះបាទ សូរ្យវរ្ម័នទី២ ប្រាសាទនេះសាងសង់ឡើង ដើម្បីឧទ្ទិសឱ្យ ព្រហ្មញ្ញសាសនា នៃលទ្ធិជំនឿលើ ព្រះវិស្ណុ ។ ប្រាសាទ អង្គរវត្ត មានកម្ពស់សរុប ៦៥ម៉ែត្រ និង មានជើងសសរសរុប ១៥៣២ ដើម និងបានប្រើប្រាសកម្លាំងពលកម្មសរុប ប្រមាណជា ៣០០,០០០ (៣សែននាក់) ដោយសាងសង់ក្នុងទំហំផ្ទៃដី ១៦២,៦ ហិចតា លើទំហំផ្ទៃដីសរុប ៤០២ ហិចតា និង បានប្រើប្រាសសត្វដំរី ប្រមាណជា ៦០០០ ក្បាល ក្នុងការដឹកជញ្ជូននូវកំំំណាត់ថ្មធំៗ ដែលយក មកសាងសង់ប្រមាណជា ១០លានតោន ជាមួយនិងពេលវាលា នៃរយៈពេលសាងសង់ប្រមាណជា ២៨ ឆ្នាំ ។ប្រាសាទ អង្គរវត្ត ត្រូវបានរចនាឡើងតាមលំនាំនៃភ្នំព្រះសុមេរុ (Mount Meru) ដែលជាលំនៅដ្ឋានរបស់ពួកទេវវៈ ឬ ពួកទេវតា ក្នុងជំនឿទេវកថារបស់សាសនាហិណ្ឌូ អង្គរវត្ត មានរាង្គជាចតុកោណកែង ដែលមានកសិណ ឬគូទឹកព័ទ្ធជុំវិញប្រមាណជា ១៦គីឡូម៉ែត្រ ។ ចំណែកកសិណពិតប្រាកដរបស់ប្រាសាទ មានបណ្ដោយប្រវែង ១៥០០មែត្រ គុណនិង ទទឹង ១៣០០ម៉ែត្រ ផ្លូវធំដើរចូលពីទិសខាងលិចទៅដល់ប្រាសាទកណ្តាលមានប្រវែង ២៥០ម៉ែត្រ និងជញ្ជាំងខាងក្រៅ ៣,៦ សហាតិមាត្រ ដោយស្មើនិង ២,២ ម៉ាយ ប្រវែងវែង គឺជាថែវមានបីជ្រុង ដែលថែវនីមួយៗឡើងខ្ពស់ទៅថែវដែលជាប់គ្នា នៅចំកណ្ដាលនៃប្រាសាទបញ្ឈរនូវជួរចតុរង្គនៃប៉ម ។ កំពូលប្រាសាទ មានសណ្ឋានដូចផ្កាឈូកក្រពុំ កំពូលប្រាសាទ អង្គរវត្ត មានកំពូលប្រាំ តំណាងឱ្យបញ្ចក្ខន្ធ (5 Khandha) ដែលជាក្ខន្ធទាំង៥របស់មនុស្ស "ក្ខន្ធ" គឺជា​បាតុភូត នៃញាណ ទាំង៥ របស់មនុស្ស ដែលជាមូលដ្ឋាននៃវិញ្ញាណ​ឱ្យដឹងអំពីខ្លួន​ ។ បញ្ចក្ខន្ធរួមមាន៖ រូបក្ខន្ធ (Selt Form), វេទនាក្ខន្ធ (Misery), សញ្ញាក្ខន្ធ (Perception), សង្ខារក្ខន្ធ (Judgement), វិញ្ញាណក្ខន្ធ (Conscience) ប្រាសាទ អង្គរវត្ត បែរមុខទៅទិសខាងលិច តំណាងឱ្យសេចក្ដីផុតទុក្ខ តាមដំណើរគោចរណ៍ របស់ព្រះអាទិត្យ ដែលធ្វើដំណើរ ពីថ្ងៃរះនៃទិសខាងកើត ហើយរលត់ទៅវិញនៅទិសខាងលិច ។

ប្រាសាទ អង្គរវត្ត ស្ថិតក្នុងរចនាបថ អង្គរទី២ ដែលមានសិល្បៈនៃការកំណត់ដាច់ដោយឡែកហៅថា សិល្បៈអង្គរវត្ត ដែលជ្រុងនៃថែវនីមួយៗរបស់ប្រាសាទបានឆ្លាក់នៅចម្លាក់ក្បាច់យ៉ាងច្រើនស្អេកស្កះផងដែរ ។ ប្រាសាទ អង្គរវត្ត មានចម្លាក់អប្សរាប្រមាណជា ២,០០០ ចម្លាក់ដែលជាស្នាដៃដ៏អស្ចារ្យ ដែលអាចឆ្លាក់រូបទាំងអស់នោះក្នុងទំហំប៉ុនៗគ្នា និង មានទម្រង់នៃមូដសក់ខុសគ្នាប្រមាណជា ៣៧ ប្រភេទ ដែលចម្លាក់អប្សារាទាំងនេះអាចបែងចែកនៃការឆ្លាក់នូវចម្លាក់មូដសក់ខុសគ្នាក្នុងទម្រង់ដ៏ច្រើននិងមិនគួរឱ្យជឿ ។



ចែករំលែកបន្ត ៖

តំបន់ទេសចរណ៍ផ្សេងទៀត

សហការរៀបចំដោយ៖

logologologo
អភិវឌ្ឍដោយ៖ Dcx